Friday, February 12, 2010

ឆា​ម្រះព្រៅ​សាច់​មាន់

គ្រឿងផ្សំ ៖
ប្រេងឆា ១ សប
សាច់​មាន់ (ហាន់​បន្ទះ​ស្ដើង​ៗ) ២០០ ករ
ម្ទេស​ហា​វៃ ខៀវ និង ក្រហម កន្លះ​ផ្លែ ១មុខ
សណ្ដែក​គួរ ៥០ ករ
ម្រះព្រៅ ៥០ ករ
ស្ករស ១ សក
ម្សៅ​ខ្នរ ១ សក
ប្រេង​ខ្យង ១ សក
ទឹកត្រី កន្លះ សប
ខ្ទឹមស ចិញ្ច្រាំ ២-៣ កំពឹស

វិធី​ធ្វើ ៖
ដាក់​ខ្ទះ​ឲ្យ​ក្ដៅ ចាក់​ប្រេងឆា​ចូល លីង​ខ្ទឹមស ឲ្យ​ឈ្ងុយ បន្ទាប់មក​ដាក់​សាច់​មាន់​ចូល ឆា ឲ្យ​ឈ្ងុយ និង ឆ្អិន​បន្តិច ទើប​ដាក់​គ្រឿងផ្សំ​ចូល​ទាំងអស់ លីង​ឲ្យ​ឈ្ងុយ ។
ដាក់​បន្លែ​ចូល ឆា​ឲ្យ​ឆ្អិន​ល្មម ហើយ​បង់​ស្លឹក​ម្រះព្រៅ​ចូល ជា​ការ​ស្រេច ។
តុបតែង​ដោយ​សាឡាត់ ២ សន្លឹក ។

កាពិបុក


គ្រឿងផ្សំ ៖
បង្គា​ក្រៀម ខ្ទឹមស ម្ទេស​ដៃ​នាង (កិន​ចូល​គ្នា)
កាពិ (១-២ សប) ឬ តិច​ច្រើន​តាម​ចូល​ចិត្ត
ត្រប់​ពុតលំញង (ដំ​ឲ្យ​បែក តែ​កុំ​ឲ្យ​ខ្ទេច)
ក្រូចឆ្មារ
ម្សៅ​ស៊ុប​ខ្នរ
ស្ករស
ស្អំ និង ត្រប់​វែង​ចិត​ជា​ចំណិត​ចៀន​ជាមួយ​ពង​មាន់ (ស្អំ​ចៀន​កាត់​ជា ៤ ជ្រុង) ។
ទឹក​ក្ដៅ
បន្លែ ៖ ស្ពៃស ផ្កា​ខាត់ណា ត្រកួន សណ្ដែកកួរ (ស្រុស) ត្រប់​ស្រួយ និង ត្រសក់ ។

វិធី​ធ្វើ ៖
យក​គ្រឿង​ដែល​កិន​រួច មក​លាយ​ជា​មួយ​កាពិ​ក្រូចឆ្មារ និង ទឹក​ក្ដៅ​បន្តិច រួច​ដាក់​ត្រប់​ពុត​លំញង​ដំ​ចូល ។
ត្រប់​វែង ហាន់​ជា​បន្ទះ​ៗ ជ្រលក់​ពង​ទា​ចៀន និង ស្អំ​លាយ​ពង​ទា​ចៀន​ហើយ​កាត់​រាង ៤ ជ្រុង ។ ត្រកួន សណ្ដែកកួរ ស្រុស ។
ប្រើ​បន្លែ​ទាំងអស់ សម្រាប់​តុបតែង​ចាន ជា​ការ​ស្រេច ។

Friday, December 4, 2009

ភ្លា​សាច់​គោ


គ្រឿងផ្សំ ៖
សាច់​គោ ៣ ខាំ
ម្ទេស​ហា​វៃ ហាន់​បញ្ឆិត​ៗ
ម្ទេសប្លោក​ទុំ
ជីរណា
សណ្ដែកកួរ ដំ​ឲ្យ​ទក់
គល់​ស្លឹក​គ្រៃ ហាន់​ស្ដើង​ៗ
ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេស​ដៃ​នាង និង ខ្ទឹម​ស
ខ្ទឹម​ក្រហម ហាន់​បន្ទះ​ៗ
សណ្ដែកដី​លីង

វិធី​ធ្វើ ៖
ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេស​ដៃ​នាង និង ខ្ទឹម​ស បុក​ចូល​គ្នា​ធ្វើ​ជា​ទឹក​ជ្រលក់ ។
សាច់​គោ ស្រុស​ទឹក​ក្ដៅ​ឲ្យ​ឆ្អិន​តាម​ចូល​ចិត្ត ។
យក​បន្លែ​ទាំងអស់​ដែល​ហាន់​ហើយ ច្របល់​ជាមួយ​សាច់​គោ និង ទឹក​ជ្រលក់ កូរ​ឲ្យ​សព្វ ។
ដាក់​ខ្ទឹម​ក្រហម និង សណ្ដែកដី​លីង ហើយ​ភ្លក់​មើល​រសជាតិ​ឲ្យ​ល្មម​តាម​ត្រូវ​ការ ជា​ការ​ស្រេច ។

ម្ជូរ​ព្រៃ​សាច់​មាន់


គ្រឿងផ្សំ ៖
សាច់​មាន់​កាប់​ដុំ​ៗ
ប្រេងឆា
ស្លឹក​ថ្នឹង ចិញ្ច្រាំ
ខ្ទឹម​ស និង ក្រហម
គ្រាប់​ការី​លីង​យក​ពណ៌
គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេស​ដៃ​នាង
ទឹក​អំពិល​ទុំ
ប្រហុក ចិញ្ច្រាំ បន្តិច
ស្ករ​ត្នោត
អំបិល
ម្សៅ​ស៊ុប​ខ្នរ
ស្លឹក​កន្ទ្រោប (កន្ទ្រោក) ដុត​ហើយ​ញី
ទឹក​ស៊ុប ២ វែក

វិធី​ធ្វើ ៖
គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេស​ដៃ​នាង ខ្ទឹម​ស និង ក្រហម លីង​ចូល​គ្នា​ឲ្យ​ឈ្ងុយ រួច​ដំ​ឲ្យ​វា​ទក់​ៗ ។
ដាក់​ខ្ទះ​ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ ដាក់​សាច់​មាន់​ចូល​ឆា​បន្តិច ទើប​ដាក់​គ្រឿង​លីង​ខាង​លើ​ចូល ។
ដាក់​ប្រហុក​ចិញ្ច្រាំ អំបិល ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ និង ចាក់​ទឹក​ស៊ុប​ចូល ដាំ​ឲ្យ​ពុះ ។
ដាក់​ស្លឹក​ថ្នឹង​ចិញ្ច្រាំ​ចូល ទឹក​អំពិល​ទុំ​បន្តិច រួច​បង់​ស្លឹក​កន្ទ្រោប​ដុត ហើយ​ភ្លក់​មើល​រសជាតិ ឲ្យ​ល្មម​ជា​ការ​ស្រេច ។

គុយទាវឆា ផាត់ថៃ


គ្រឿងផ្សំ ៖
សាច់​មាន់ ៣ ខាំ
គុយទាវ ២ ខាំ (១​ចាន​ធំ) មិន​បាច់​ត្រាំ​ទឹក
ប្រេង​ឆា
ខ្ទឹម​ស ចិញ្ច្រាំ
សណ្ដែក​បណ្ដុះ
សណ្ដែក​ដី​បុក
ស្លឹក​កាឆាយ
ពង​មាន់ ១ គ្រាប់
ទឹក​អំពិល​ទុំ និង ក្រូចឆ្មារ
ទឹក​ស៊ីអ៊ីវ​ខាប់ ២ សប
ទឹកត្រី ស្ករ ម្សៅ​ស៊ុប​ខ្នរ
ទឹក​ស៊ុប​មាន់ ២-៣ វែក

វិធី​ធ្វើ ៖
សាច់​មាន់​ហាន់​ជា​ចំណិត​ស្ដើង​ៗ រួច​យក​ទៅ​ស្រុស​ទឹក​ក្ដៅ រួច​ស្រង់​ដាក់​ក្នុង​ទឹក​ត្រជាក់ ទុក​ឲ្យ​ស្រស់​ទឹក ។
ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ លីង​ខ្ទឹម​ចិញ្ច្រាំ រួច​ដាក់​សាច់​ដែល​ស្រុស​ហើយ ឆា​ឲ្យ​សព្វ ទើប​ដាក់​គ្រឿង​ទាំងអស់​ចូល ដាក់​ទឹក​អំពិល​ទុំ ថែម​ទឹក​ស៊ុប ២-៣ វែក ភ្លក់​ឲ្យ​ល្មម ។
ដាក់​សរសៃ​គុយទាវ ស្លឹក​កាឆាយ សណ្ដែក​បណ្ដុះ រួច​គោះ​ពង​មាន់​ដាក់​ចូល យក​សរសៃ គុយទាវ​គ្រប​ពី​លើ កូរ​ចូល​គ្នា​ឲ្យ​សព្វ ជា​ការ​ស្រេច ។

អា​ម៉ុក គ្រឿង​សមុទ្រ


គ្រឿងផ្សំ ៖
គ្រឿង​សមុទ្រ ៣០០ ករ
ខ្ទិះ​ដូង ២ វែក
គ្រឿង​បុក តាម​ចូល​ចិត្ត
ម្ទេស​ក្រៀម​ចិញ្ច្រាំ តាម​ចូល​ចិត្ត
សណ្ដែក​ដី​បុក តាម​ចូល​ចិត្ត
ស្ករ​ត្នោត បន្តិច
អំបិល បន្តិច
ទឹកត្រី បន្តិច
ស្លឹក​ក្រូច​សើច​ហាន់​សរសៃ​ល្អិត​ៗ បន្តិច
ស្លឹក​ងប់ បន្តិច
ស្លឹក​ញ សម្រាប់​ទ្រាប់​ពី​ក្រោម ៤-៥ សន្លឹក

វិធី​ធ្វើ ៖
ខ្ទិះ​ដូង លាយ​ម្សៅ​ពោត​បន្តិច ដើម្បី​ឲ្យ​ខាប់ និង លួច​អំបិល​បន្តិច ។
ដាំ​ខ្ទិះ​ដូង​ឲ្យ​ពុះ​ឡើង​ប្រេង ដាក់​គ្រឿង​បុក​ចូល​កូរ​ឲ្យ​សព្វ រួច​ហើយ​ដាក់​ម្ទេស​ក្រៀម​ចិញ្ច្រាំ សណ្ដែក​ដី​បុក និង គ្រឿង​សមុទ្រ ចូល ។ ស្លឹក​ក្រូច​សើច​ហាន់​រោយ ហើយ​ទុក​ឲ្យ​ឆ្អិន​បន្តិច។
ដួស​ដាក់​ក្នុង​ផ្លែ​ដូង រោយ​ស្លឹក​ងប់ រួច​យក​ទៅ​ចំហុយ​ក្នុង​ឆ្នាំង ឡៅ​ស៊ីង ចំហុយ​ប្រមាណ ៥ នាទី ទើប​ចាក់​ក្បាល​ខ្ទិះ​ពី​លើ​ជា​ការ​ស្រេច ។

ការី​មាន់


គ្រឿងផ្សំ ៖
មាន់
ដំឡូង​បារាំង ឬ ជ្វា
ម្ទេស​ឆ្អើរ
ដូង​ទុំ
ខ្ទឹម​បារាំង
គល់​ស្លឹក​គ្រៃ
គ្រឿង​ការី
អំបិល ទឹកត្រី ស្ករ
ប៊ីចេង / ម្សៅស៊ុប
ប្រេងឆា

វិធី​ធ្វើ ៖
មាន់​លាង​ទឹក​ឲ្យ​ស្អាត​កាប់​ជា​ដុំ​ធំ​ៗ យក​ទៅ​ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន ដំឡូង​ពុះ​ជា ៤ ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន​ដែរ ។
ម្ទេស​ឆ្អើរ​លាង​ទឹក បុក​ជាមួយ​គល់​ស្លឹក​គ្រៃ និង ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ ។ ពូត​ខ្ទិះ​ដូង​យក​ក្បាល​ខ្ទិះ​ទុក ពូត​យក​ទឹក​ទី​២ ដាំ​ជាមួយ​គ្រឿង​បុក ។
ដាក់​សាច់​មាន់​ចូល ថែម​គ្រឿង​ការី ដំឡូង និង គ្រឿង​ទេស​ទាំងអស់​ចូល ។ ភ្លក់​មើល​រសជាតិ តាម​ចូល​ចិត្ត រំងាស់​រហូត​សាច់​មាន់​ផុយ​ជា​ការ​ស្រេច ។