Friday, December 4, 2009

ភ្លា​សាច់​គោ


គ្រឿងផ្សំ ៖
សាច់​គោ ៣ ខាំ
ម្ទេស​ហា​វៃ ហាន់​បញ្ឆិត​ៗ
ម្ទេសប្លោក​ទុំ
ជីរណា
សណ្ដែកកួរ ដំ​ឲ្យ​ទក់
គល់​ស្លឹក​គ្រៃ ហាន់​ស្ដើង​ៗ
ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេស​ដៃ​នាង និង ខ្ទឹម​ស
ខ្ទឹម​ក្រហម ហាន់​បន្ទះ​ៗ
សណ្ដែកដី​លីង

វិធី​ធ្វើ ៖
ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេស​ដៃ​នាង និង ខ្ទឹម​ស បុក​ចូល​គ្នា​ធ្វើ​ជា​ទឹក​ជ្រលក់ ។
សាច់​គោ ស្រុស​ទឹក​ក្ដៅ​ឲ្យ​ឆ្អិន​តាម​ចូល​ចិត្ត ។
យក​បន្លែ​ទាំងអស់​ដែល​ហាន់​ហើយ ច្របល់​ជាមួយ​សាច់​គោ និង ទឹក​ជ្រលក់ កូរ​ឲ្យ​សព្វ ។
ដាក់​ខ្ទឹម​ក្រហម និង សណ្ដែកដី​លីង ហើយ​ភ្លក់​មើល​រសជាតិ​ឲ្យ​ល្មម​តាម​ត្រូវ​ការ ជា​ការ​ស្រេច ។

ម្ជូរ​ព្រៃ​សាច់​មាន់


គ្រឿងផ្សំ ៖
សាច់​មាន់​កាប់​ដុំ​ៗ
ប្រេងឆា
ស្លឹក​ថ្នឹង ចិញ្ច្រាំ
ខ្ទឹម​ស និង ក្រហម
គ្រាប់​ការី​លីង​យក​ពណ៌
គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេស​ដៃ​នាង
ទឹក​អំពិល​ទុំ
ប្រហុក ចិញ្ច្រាំ បន្តិច
ស្ករ​ត្នោត
អំបិល
ម្សៅ​ស៊ុប​ខ្នរ
ស្លឹក​កន្ទ្រោប (កន្ទ្រោក) ដុត​ហើយ​ញី
ទឹក​ស៊ុប ២ វែក

វិធី​ធ្វើ ៖
គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេស​ដៃ​នាង ខ្ទឹម​ស និង ក្រហម លីង​ចូល​គ្នា​ឲ្យ​ឈ្ងុយ រួច​ដំ​ឲ្យ​វា​ទក់​ៗ ។
ដាក់​ខ្ទះ​ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ ដាក់​សាច់​មាន់​ចូល​ឆា​បន្តិច ទើប​ដាក់​គ្រឿង​លីង​ខាង​លើ​ចូល ។
ដាក់​ប្រហុក​ចិញ្ច្រាំ អំបិល ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ និង ចាក់​ទឹក​ស៊ុប​ចូល ដាំ​ឲ្យ​ពុះ ។
ដាក់​ស្លឹក​ថ្នឹង​ចិញ្ច្រាំ​ចូល ទឹក​អំពិល​ទុំ​បន្តិច រួច​បង់​ស្លឹក​កន្ទ្រោប​ដុត ហើយ​ភ្លក់​មើល​រសជាតិ ឲ្យ​ល្មម​ជា​ការ​ស្រេច ។

គុយទាវឆា ផាត់ថៃ


គ្រឿងផ្សំ ៖
សាច់​មាន់ ៣ ខាំ
គុយទាវ ២ ខាំ (១​ចាន​ធំ) មិន​បាច់​ត្រាំ​ទឹក
ប្រេង​ឆា
ខ្ទឹម​ស ចិញ្ច្រាំ
សណ្ដែក​បណ្ដុះ
សណ្ដែក​ដី​បុក
ស្លឹក​កាឆាយ
ពង​មាន់ ១ គ្រាប់
ទឹក​អំពិល​ទុំ និង ក្រូចឆ្មារ
ទឹក​ស៊ីអ៊ីវ​ខាប់ ២ សប
ទឹកត្រី ស្ករ ម្សៅ​ស៊ុប​ខ្នរ
ទឹក​ស៊ុប​មាន់ ២-៣ វែក

វិធី​ធ្វើ ៖
សាច់​មាន់​ហាន់​ជា​ចំណិត​ស្ដើង​ៗ រួច​យក​ទៅ​ស្រុស​ទឹក​ក្ដៅ រួច​ស្រង់​ដាក់​ក្នុង​ទឹក​ត្រជាក់ ទុក​ឲ្យ​ស្រស់​ទឹក ។
ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ លីង​ខ្ទឹម​ចិញ្ច្រាំ រួច​ដាក់​សាច់​ដែល​ស្រុស​ហើយ ឆា​ឲ្យ​សព្វ ទើប​ដាក់​គ្រឿង​ទាំងអស់​ចូល ដាក់​ទឹក​អំពិល​ទុំ ថែម​ទឹក​ស៊ុប ២-៣ វែក ភ្លក់​ឲ្យ​ល្មម ។
ដាក់​សរសៃ​គុយទាវ ស្លឹក​កាឆាយ សណ្ដែក​បណ្ដុះ រួច​គោះ​ពង​មាន់​ដាក់​ចូល យក​សរសៃ គុយទាវ​គ្រប​ពី​លើ កូរ​ចូល​គ្នា​ឲ្យ​សព្វ ជា​ការ​ស្រេច ។

អា​ម៉ុក គ្រឿង​សមុទ្រ


គ្រឿងផ្សំ ៖
គ្រឿង​សមុទ្រ ៣០០ ករ
ខ្ទិះ​ដូង ២ វែក
គ្រឿង​បុក តាម​ចូល​ចិត្ត
ម្ទេស​ក្រៀម​ចិញ្ច្រាំ តាម​ចូល​ចិត្ត
សណ្ដែក​ដី​បុក តាម​ចូល​ចិត្ត
ស្ករ​ត្នោត បន្តិច
អំបិល បន្តិច
ទឹកត្រី បន្តិច
ស្លឹក​ក្រូច​សើច​ហាន់​សរសៃ​ល្អិត​ៗ បន្តិច
ស្លឹក​ងប់ បន្តិច
ស្លឹក​ញ សម្រាប់​ទ្រាប់​ពី​ក្រោម ៤-៥ សន្លឹក

វិធី​ធ្វើ ៖
ខ្ទិះ​ដូង លាយ​ម្សៅ​ពោត​បន្តិច ដើម្បី​ឲ្យ​ខាប់ និង លួច​អំបិល​បន្តិច ។
ដាំ​ខ្ទិះ​ដូង​ឲ្យ​ពុះ​ឡើង​ប្រេង ដាក់​គ្រឿង​បុក​ចូល​កូរ​ឲ្យ​សព្វ រួច​ហើយ​ដាក់​ម្ទេស​ក្រៀម​ចិញ្ច្រាំ សណ្ដែក​ដី​បុក និង គ្រឿង​សមុទ្រ ចូល ។ ស្លឹក​ក្រូច​សើច​ហាន់​រោយ ហើយ​ទុក​ឲ្យ​ឆ្អិន​បន្តិច។
ដួស​ដាក់​ក្នុង​ផ្លែ​ដូង រោយ​ស្លឹក​ងប់ រួច​យក​ទៅ​ចំហុយ​ក្នុង​ឆ្នាំង ឡៅ​ស៊ីង ចំហុយ​ប្រមាណ ៥ នាទី ទើប​ចាក់​ក្បាល​ខ្ទិះ​ពី​លើ​ជា​ការ​ស្រេច ។

ការី​មាន់


គ្រឿងផ្សំ ៖
មាន់
ដំឡូង​បារាំង ឬ ជ្វា
ម្ទេស​ឆ្អើរ
ដូង​ទុំ
ខ្ទឹម​បារាំង
គល់​ស្លឹក​គ្រៃ
គ្រឿង​ការី
អំបិល ទឹកត្រី ស្ករ
ប៊ីចេង / ម្សៅស៊ុប
ប្រេងឆា

វិធី​ធ្វើ ៖
មាន់​លាង​ទឹក​ឲ្យ​ស្អាត​កាប់​ជា​ដុំ​ធំ​ៗ យក​ទៅ​ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន ដំឡូង​ពុះ​ជា ៤ ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន​ដែរ ។
ម្ទេស​ឆ្អើរ​លាង​ទឹក បុក​ជាមួយ​គល់​ស្លឹក​គ្រៃ និង ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ ។ ពូត​ខ្ទិះ​ដូង​យក​ក្បាល​ខ្ទិះ​ទុក ពូត​យក​ទឹក​ទី​២ ដាំ​ជាមួយ​គ្រឿង​បុក ។
ដាក់​សាច់​មាន់​ចូល ថែម​គ្រឿង​ការី ដំឡូង និង គ្រឿង​ទេស​ទាំងអស់​ចូល ។ ភ្លក់​មើល​រសជាតិ តាម​ចូល​ចិត្ត រំងាស់​រហូត​សាច់​មាន់​ផុយ​ជា​ការ​ស្រេច ។

ការី​ក្រហម ប៉េណាំង


គ្រឿងផ្សំ ៖
ទឹក​ប៉េងប៉ោះ​ខាប់ ៤ ស្លាបព្រាបាយ
ខ្ទឹមបារាំង ១ ផ្លែ ពុះ​ជា ៤ ដុំ
រំដេង​ហាន់​បន្ទះ​ៗ​ស្ដើង​ៗ ប៉ុន​មេដៃ
ខ្ទឹម​ស ៣ កំពឹស
ទឹក​ស៊ីអ៊ីវ​ ១ ស្លាបព្រាបាយ
ទឹក​ស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រា​កាហ្វេ
ទឹកត្រី ២ ស្លាបព្រាបាយ
កាពិ ១ ស្លាបព្រា​កាហ្វេ
ម្ទេសប្លោក​ម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្សៅ​ម្ទេស ២ ស្លាបព្រាបាយ
គ្រាប់​ជី​បន្លា​ម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្ទេស​ក្រហម ១ឬ២ ផ្លែ តាម​ចិត្ត​ចង់​ហឹរ
រមៀត កន្លះ​ស្លាបព្រា​កាហ្វេ
ឃ្យូមមីន ១ ស្លាបព្រាបាយ
ស្លឹក​ក្រូចសើច ២ សន្លឹក
ដើម​ឧបឈើយ (ម្សៅ) កន្លះ​ស្លាបព្រា​កាហ្វេ
ម្សៅ​ខ្លឹម​ចន្ទន៍ក្រស្នា ១ភាគ៤ ស្លាបព្រា​កាហ្វេ
ម្សៅ​ផ្កា​ក្លាំពូ ១ភាគ៤ ស្លាបព្រា​កាហ្វេ
ខ្ទិះដូង​ល្អ ១ កំប៉ុង
ក្រូចឆ្មារ ១ ចំហៀង
ជី​នាងវង (ជី​ក្រហម) ស្រស់ សម្រាប់​តុបតែង ។ នេះ​ជា​មុខ​ម្ហូប​ដ៏​ល្បីល្បាញ​របស់​ទីក្រុង​ប៉េណាំង ប្រទេស​ម៉ាឡេស៊ី ។

ការរៀបចំ និង វិធីធ្វើ ៖
ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ក្នុង​ម៉ាស៊ីន​សម្រាប់​កិន​គ្រឿង ឬ ត្បាល់បុក ហើយ​កិន​ឬ​បុក​ឲ្យ​ម៉ដ្ឋ​តាម​ត្រូវការ កាន់​តែ​ម៉ដ្ឋ​កាន់​តែ​ល្អ ។
ថែម​ខ្ទិះដូង ១ កំប៉ុង លាយ​ជាមួយ​គ្រឿង​ដើម្បី​ឲ្យ​រាវ​បន្តិច ។
សាច់ ត្រី តៅហ៊ូ ម្សៅ​ស្រូវសាលី សណ្ដែក និង បន្លែ​ផ្សេងៗ ថែម​តាម​ត្រូវការ ។ ចម្អិន​ក្នុង​ឆ្នាំង ឬ ខ្ទះ​ធំ ឬក៏ ក្នុង​ម៉ាស៊ីន អូវ៉ែន ។ អាំង​សាច់​តាម​របៀប​ការី​ប៉េណាំង​ក្នុង​សីតុណ្ហភាព​កម្ដៅ​៣៧៥ អង្សា យ៉ាងហោចណាស់ ១ ម់ោង ឬ រហូត​សាច់​ឆ្អិន​ល្អ ។
តុបតែង​ការី​ប៉េណាំង​របស់​អ្នក​ដោយ​ប្រើ​ស្លឹក​ជី​នាងវង (ជី​ក្រហម) ស្រស់ៗ ដើម្បី​សម្រស់ រសជាតិ និង ក្លិន​របស់​ជី​នាងវង​​របស់​យើង ។

ការី​លឿង


គ្រឿងផ្សំ ៖
គល់​ស្លឹកគ្រៃ​ហាន់ កន្លះ​គល់ ខាងក្រោម
ម្ទេស​លឿង ២ឬ៣ គ្រាប់
រំដេង​ប៉ុន​មេដៃ ហាន់​ស្ដើង​ៗ
ខ្ទឹមស ៣ កំពឹស
ជីវ៉ាន់ស៊ុយ​ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់ មូតាដ (ឬ​មូតាដ​ធម្មតា)
ម្សៅ​ខ្លឹម​ចន្ទន៍ក្រស្នា​ស្រស់ ១/៤ ពែង (អាច​ជំនួស​ដោយ​ដើម​ឧបឈើយ)
ទឹកត្រី ៣ ស្លាបព្រាបាយ
រមៀត កន្លះ​ស្លាបព្រាកាហ្វេ
ស្ករត្នោត ១ ស្លាបព្រាបាយ
ស្លឹក​ក្រូចសើច ២ សន្លឹក
ទឹក​ក្រូចឆ្មារ ១ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ កំប៉ុង

វិធី​ធ្វើ ៖
យក​គ្រឿងទេស​ទាំងអស់​ដាក់​ក្នុង​ត្បាល់​បុក​ឬ​កិន​ឲ្យ​ម៉ដ្ឋ​ល្អ ។
ពេល​ស្ល​ត្រូវ​ឆា​វា​ឲ​ឈ្ងុយ​សិន រួច​ទើប​ថែម​ទឹក​ខ្ទិះដូង ជាមួយ សាច់ គ្រឿង​សមុទ្រ ឬ បន្លែ​តាម​ចំណូល​ចិត្ត ។
ពេល​ចម្អិន ត្រូវ​ភ្លក់​មើល​សាប ប្រៃ និង ថែម​គ្រឿងទេស​តាម​ត្រូវការ ។ បើ​សាប​ថែម​ទឹកត្រី​បើ​ហឹរ​ពេក ថែម​ខ្ទិះដូង ។ បើ​ប្រៃ ថែម​ទឹក​ក្រូចឆ្មារ ។ បើ​ជូរ​ពេក​ថែម​ស្ករ ។

ការី​ខៀវ


គ្រឿង​ផ្សំ ៖
ស្លឹកគ្រៃ ១ ដើម
ជី​បន្លា​ម៉ដ្ឋ កន្លះ​ស្លាបព្រាបាយ
កាពិ ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្ទេស​ខៀវ ២ឬ៣ ផ្លែ
ខ្ទឹមស ៣ កំពឹស
រំដេង ប៉ុន​មេដៃ ហាន់​បន្ទះ​ស្ដើង​ៗ
ស្លឹក​ក្រូចសើច ៣ឬ៤ សន្លឹក ហូត​សរសៃ
ជីវ៉ាន់ស៊ុយ ១ ពែង យក​ទាំង​ដើម និង ស្លឹក
ទឹក​ស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រាកាហ្វេ
ខ្ទិះដូង ១ភាគ៣ នៃពែង
ទឹកត្រី ២ ស្លាបព្រាបាយ
ជី​នាងវង​ស្រស់ ១ ពែង ហាន់​ដាក់​មុន​ពិសា

វិធីធ្វើ៖
យក​គ្រឿងទេស​ទាំងអស់​ដាក់​ក្នុង​ត្បាល់​បុក​ឬ​កិន​ឲ្យ​ម៉ដ្ឋ​ល្អ លើកលែង​តែ​ជី​នាងវង ។
ពេល​ស្ល​ត្រូវ​ឆា​វា​ឲ្យ​ឈ្ងុយ​សិន រួច​ទើប​ថែម​ទឹក​ខ្ទិះដូង ជាមួយ សាច់ គ្រឿង​សមុទ្រ ឬ បន្លែ​តាម​ចំណូល​ចិត្ត ។
ពេល​ចម្អិន ត្រូវ​ភ្លក់​មើល​សាប ប្រៃ និង ថែម​គ្រឿងទេស​តាម​ត្រូវការ ។ បើ​សាប​ថែម​ទឹកត្រី​ឬ​ស៊ីអ៊ីវ ។ បើ​ហឹរ​ពេក ថែម​ខ្ទិះដូង ។ បើ​ប្រៃ ថែម​ទឹក​ក្រូចឆ្មារ ។ បើ​ជូរ​ពេក​ថែម​ស្ករ ។ ការី​ខៀវ​នេះ រោយ​ជី​បន្លា និង ជី​នាងវង ដើម្បី​តុបតែង និង ក្លិន​ក្រអូប​ប្រហើរ​របស់​ជី ។
អាច​រក្សា​វា​ទុក​បាន​រហូត ៣ ខែ បើ​ទុក​ឲ្យ​វា​កក ឬ យ៉ាង​តិច ២ សប្ដាហ៍ ។

ការី​ក្រហម


គ្រឿងផ្សំ ៖

ខ្ទឹម​ក្រហម ៣ ដុំ ហាន់​ស្ដើង​ៗ
គល់​ស្លឹកគ្រៃ ១ ដើម
ម្ទេស​ក្រហម ១-៣ ផ្លែ ឬ ទឹក​ម្ទេស​ខាប់
ខ្ទឹមស ៣ ដុំ
រំដេង ប៉ុន​មេដៃ ហាន់​ស្ដើង​ៗ
ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
ឃ្យូមមីន (គ្រាប់ម្អម) ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់​វ៉ាន់ស៊ុយ​ម៉ដ្ឋ ២ ស្លាបព្រាបាយ
ទឹកត្រី ៣ ស្លាបព្រាបាយ
ស្លឹក​ក្រូចសើច ១ សន្លឹក
កាពិ ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្សៅ​ម្ទេស​ក្រហម ១ កន្លះ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ ពែង ឬ ច្រើន​តាម​ចូល​ចិត្ត

វិធី​ធ្វើ ៖

យក​គ្រឿងទេស​ទាំងអស់​ដាក់​ក្នុង​ត្បាល់​បុក​ឬ​កិន​ឲ្យ​ម៉ដ្ឋ​ល្អ ។
ពេល​ស្ល​ត្រូវ​ឆា​វា​ឲ​ឈ្ងុយ​សិន រួច​ទើប​ថែម​ទឹក​ខ្ទិះដូង ជាមួយ សាច់ គ្រឿង​សមុទ្រ ឬ បន្លែ​តាម​ចំណូល​ចិត្ត ។
ពេល​ចម្អិន ត្រូវ​ភ្លក់​មើល​សាប ប្រៃ និង ថែម​គ្រឿងទេស​តាម​ត្រូវការ ។ បើ​សាប​ថែម​ទឹកត្រី​បើ​ហឹរ​ពេក ថែម​ខ្ទិះដូង ។ បើ​ប្រៃ ថែម​ទឹក​ក្រូចឆ្មារ ។ បើ​ជូរ​ពេក​ថែម​ស្ករ ។