Sunday, October 4, 2009

សិល្បៈនៃការចម្អិនម្ហូបខ្មែរ

គ្រឿងផ្សំ
មុន ស.វ ទី១៦ ម្ទេស គឺជាគ្រឿងទេសមួយប្រភេទ ដែលក្នុងទ្វីបអាស៊ីទាំងមូលមិនដែលស្គាល់ ហើយក៏គ្មានដំណាំប្រភេទនេះដែរ រហូតទាល់តែការមកដល់របស់ពួក ព័រទុយហ្គាល់ (Portuguese) ។ ម្ទេសទទួលបានភាពល្បីល្បាញ និង ពេញនិយមជាខ្លាំង​នឹង ជាច្រើនឆ្នាំមុនពេលវាត្រូវបាននាំមក​កាន់​ប្រទេស កម្ពុជា ។
អំពិល បច្ចុប្បន្នកាលនេះ គេតែងតែឃើញវត្តមានរបស់វាក្នុងសម្ល ដែលជាមូលដ្ឋាននៃស៊ុប គឺជាគ្រឿងផ្សំក្នុងម្ហូបបែបជូរ ដូចជាសម្លម្ជូរជាដើម ។ ចាន់ការី គឺជាគ្រឿងផ្សំដែលចាំបាច់ត្រូវតែមាន នៅពេលកូរ​ស្ករតាំងម៉ែដើម្បីកម្លោចសាច់ជ្រូក ធ្វើផាក់ឡូវ ជាដើម ។
រមៀត, រំដេង, ខ្ញី, ស្លឹកគ្រៃ, នឹងស្លឹកក្រូចសើច គឺជាគ្រឿងផ្សំយ៉ាងសំខាន់ផ្នុងការចម្អិនម្ហូបអាហារខ្មែរ ស្ទើរតែគ្រប់មុខម្ហូប ដូចជា ស្ងោរ, រម្ងាស់, និងសម្លមានទឹកច្រើន ។
គ្រឿង
ដោយទទួលរងឥទ្ធិពលសាសនា នឹង អារ្យធម៌ពី ឥណ្ឌា ព្រមទាំងទទួលរងការលុកលុយពីពួកសាសន៍ ជ្វា (Java) មួយរយៈពេលដែរនោះ ប្រជាជនកម្ពុជា ត្រូវបានបង្រៀនឲ្យចេះលាយបញ្ចូលគ្នានូវ គ្រឿងទេស ដោយប្រើគ្រឿងផ្សំជាច្រើនមុខចូលគ្នា ដូចជា៖ ក្រវាញ, ចាន់ការី, ផ្កាក្លាំពូ, ដើមអុបឈើយ, ចន្ទន៍ក្រស្នា, ខ្ញី, ហើយនឹងរមៀត ។ ក្រៅពីនេះ ជនជាតិខ្មែរ បានបន្ថែមនូវគ្រឿងផ្សំក្នុងស្រុកមួយចំនួន ទៀតដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ឡើង ដូចជា៖ ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ជីវ៉ាន់ស៊ុយ ហើយនឹង ស្លឹកក្រូចសើច ថែមទៅលើគ្រឿងទាំងអស់ខាងលើដែល ជ្វា បង្រៀនលាយបញ្ចូលគ្នា ដែលត្រូវបានគេហៅថា គ្រឿង ។ គ្រឿងផ្សំទាំងនេះមានក្លិនក្រអូប ឈ្ងុយ ប្រហើរ ដែលកំពុងប្រើ​ប្រាស់ជាទូទៅក្នុការចម្អិនម្ហូបខ្មែរ ។

អាថ៌កំបាំងនៃគ្រឿងសម្លខ្មែរ
គ្រឿង គឺជាការលាយបញ្ចូលគ្នានូវ តិណទេស នឹង គ្រឿងទេស, គឺជាមូលដ្ឋាននៃការចម្អិនអាហារ​របស់ ជានជាតិខ្មែរ ។ នេះជាអ្វីដែលបានផ្ដល់នូវរសជាតិ នឹង ក្លិនប្រហើរដល់ម្ហូបអាហារ ។ រសជាតិ នឹង ក្លិន នៃគ្រឿងរបស់ម្ហូបខ្មែរ មានឥទ្ធិពលជាងប្រទេសជិតខាងមួយចំនួន ។
គ្រឿងផ្សំរបស់ខ្មែរ ដែលជាមូលដ្ឋាននៃគ្រឿងសម្លគឺ៖ ស្លឹកគ្រៃ, រំដេង, ខ្ជាយ, រមៀត, សំបកក្រូចសើច, ខ្ទឹមស និង ក្រហម ។ ទាំងនេះគឺជា តិណទេស ៧យ៉ាង ដែលជាមូលដ្ឋានផ្សំរបស់ម្ហូបខ្មែរ ។

សិល្បៈនៃការចម្អិនម្ហូបខ្មែរ
ចំណុចសំខាន់ ឬ បេះដូងរបស់គ្រឿងដែលធ្វើតាមរូបមន្តដ៏ត្រឹមត្រូវនោះ វាមិនគ្រាន់តែផ្ដោតលើ​ភាពស្រស់ញញឹមរបស់ តិណទេស គ្រឿងទេស, គ្រឿងផ្សំទាំងឡាយ, និងបរិមាណនៃការប្រើប្រាស់​វានោះទេ ។ ចំណុចដែលសំខាន់ជាងគេនោះ គឺជាសិល្បៈនៃការចិត កាត់ នឹងហាន់អោយបានល្អ ដើម្បី​ធ្វើអោយគ្រឿងផ្សំទាំងអស់ក្លាយជាគ្រឿងសម្លដែលម៉ដ្ឋល្អ ដោយបុកដោយត្បាល់ ។ ការបុកគ្រឿង គឺត្រូវបុកគ្រឿងទេសណាដែលស្វិតជាងគេជាមុន ដែលវាត្រូវការពេលយូរដើម្បីបុកអោយម៉ដ្ឋ ។ ចំណុចដែលលំបាកជាគេគឺប្រភេទ ស្លឹក ។ ប្រភេទត្បាល់ និងទម្ងន់ដែលបុកក៏សំខាន់ណាស់ដែរ ។

ពណ៌ទាំង ៣ របស់គ្រឿង
តើអ្នកទាំងអស់គ្នាគិតថា ពណ៌ខុសៗគ្នានៃគ្រឿង វាមិនប៉ះពាល់ដល់រសជាតិ ឬ រសជាតិមិនខុសគ្នា ទេរឺ? មិនមែនទេ! គ្រឿងដែលមានពណ៌ខុសគ្នា គឺខុសទាំងរសជាតិយ៉ាងពិតប្រាកដ ។
គ្រឿងសម្ល ឬ ការី (ការី មានន័យថាសម្ល ឬ ទឹកជ្រលក់, ភាសាតាមិលៈ Kari មានប្រភពនៅ ឥណ្ឌា) វាមាន៣ ពណ៌ គឺ ក្រហម, ខៀវ (បៃតង), នឹង លឿង ។ ហើយពណ៌ដែលបានមកនេះ គឺអាស្រ័យលើ ការផ្សំដូចជា ម្ទេស, កាពិ ឬ ប្រហុកជាដើម ។
គ្រឿងក្រហមវាទទួលពណ៌ពីម្ទេស គ្រឿងខៀវទទួលពណ៌ពីការប្រើស្លឹកជំនួសដើម នឹង គ្រឿងលឿង ទទួលពណ៌ពីការប្រើដើមផ្នែកគល់ ដូចជាគល់ស្លឹកគ្រៃជាដើម ។

អ្វីទៅដែលធ្វើអោយម្ហូបខែ្មរប្លែកពីគេ?
តាមឯកសារនានា នឹងការស្រាវជ្រាវរបស់ខ្ញុំ (ឆឹង វណ្ណៈ), សិល្បៈនៃការចម្អិនម្ហូបខ្មែរ បានទាញយក​រសជាតិរបស់វាពី គ្រឿងទេស នឹង តិណទេស ដែលមានរសជាតិនឹងក្លឹនក្រអូបប្រហើរ ការប្រើជាតិ​ខ្លាញ់តិចបំផុត រួមជាមួយសាច់ស្រស់ៗល្អ ។ សិល្បៈនៃការចម្អិនម្ហូបខ្មែរ គឺជាការរួមបញ្ចូលគ្នានៃ មិស្សភាគ ជាច្រើន នឹងភាពប៉ិនប្រសព្វយ៉ាងរស់រវើករបស់អ្នកចម្អិន បាននាំមកនូវរសជាតិយ៉ាង​ពិសេស ដែលជាមូលវាចារសម្រាប់វាយនភាព ។

ឥឡូវនេះ ម្ហូបខ្មែរ ទទួលបានភាពល្បីល្បាញ នឹង ការចាប់អារម្មណ៍ពីប្រទេសជាច្រើនលើលោក​យើង​នេះ បន្ទាប់ពីប្រទេសកម្ពុជាទទួលរងការបំផ្លិចបំផ្លាញពីរបប ខ្មែរក្រហម ដែលធ្វើអោយកម្ពុជាបាត់បង់ គ្រប់បែបយ៉ាង ដែលធ្វើអោយបរទេសមិនស្គាល់តម្លៃ និង វប្បធម៌ អារ្យធម៌ របស់ កម្ពុជា ។

អនុភាព ឬ ឥទ្ធិពល
តាមបច្ចេកទេសរបស់ជនជាតិ ចិន, របៀប ឆា ចៀន ដុត-ខ្វៃ-អាំង ជាដើម គឺត្រូវបានទទួលយកមក​ប្រើប្រាស់យ៉ាងទូលាយក្នុងការចម្អិនអាហារខ្មែរ ។ ជាងនេះទៅទៀត ការប្រើទឹកស៊ីអ៊ីវ ទឹកត្រី សៀង សណ្ដែកបណ្ដុះ នឹងគ្រឿងផ្សំរសទាំង ៥ របស់ចិន ក៏កំពុងបានប្រើប្រាស់ផងដែរ ។
អ្វីដែលប្លែកពីគេ និង មានតែមួយរបស់កម្ពុជា គឺ ប្រហុក ដែលជាគ្រឿងផ្សំដែលធ្វើឡើងពីត្រី ដែលគេ​និយមប្រើជាងទឹកត្រី នាំអោយមានរសជាតិយ៉ាងអស្ចារ្យ ឆ្ងាញ់យ៉ាងពិសេស ហេតុនេះហើយទើបគេ អាចសំគាល់បានថា គ្រប់ម្ហូបអាហារដែលមានក្លិន នឹងជាតិប្រហុកគឺជាអាហាររបស់កម្ពុជាយ៉ាងពិត​ប្រាកដ ។

សិល្បៈចម្អិនអាហារខ្មែរ គឺប្រើខ្លាញ់តិចបំផុត ជាមួយការប្រើបន្លែស្រស់ៗជាច្រើន, ផ្លែឈើ, និងគ្រឿង​សមុទ្រស្រស់ៗ ។ ទាំងនេះបានធ្វើអោយវាក្លាយជាម្ហូបអាហារដែលប្រកបដោយសុខភាពល្អ លំដាប់​ពិភពលោក ជាអាហារដែលមានតុល្យភាព និង ចាប់អារម្មណ៍បំផុត ។ នេះជាអនុភាព ឬ ឥទ្ធិពលរបស់​អាហារខ្មែរ ។