Sunday, October 4, 2009

សាច់គោអាំង ពោះគោ ទឹកប្រហុក

គ្រឿងផ្សំ ៖
សាច់ចំឡក ជាប់ខ្លាញ់
ពោះគោ គ្រប់មុខ
ស្ករស
ប៊ីចេង
ទឹកស៊ីអ៊ីវ
ស្លឹកខ្ទឹម​ហាន់ល្អិតៗ
ប្រេងឆា
ទឹកដោះគោឆៅ
បន្លែស្រស់ៗ ៖ ត្រកួនឈូស ត្រសក់ ការ៉ុត ចេកខ្ចី ប៉េងប៉ោះ សណ្ដែកកួរ កញ្ឆែត ភ្លៅកង្កែប ត្រប់ស្រួយ ខ្ទឹមបារាំង និង ស្បៃរឿង។

វិធីធ្វើ ៖
ដាំប្រេងឆាឲ្យក្ដៅ លីងស្លឹកខ្ទឹមហាន់ឲ្យឈ្ងុយ ទុកឲ្យត្រជាក់​រួចយកទៅប្រឡាក់សាច់គោជាមួយនិង​គ្រឿងទេសទាំងអស់ ច្របល់ចូលគ្នាឲ្យសព្វ រួមទាំងទឹកដោះគោឆៅ។
យកសាច់គោប្រឡាក់ទៅអាំងឲ្យឆ្អិនល្មមតាមត្រូវការ ។ ពោះគោស្ងោរឲ្យឆ្អិនល្អ។
បម្រើជាមួយបន្លែ និង ទឹកប្រហុក ដែលបានត្រៀមទុកជាការស្រេច ។
ត្រៀមគល់ស្លឹកគ្រៃហាន់ សណ្ដែកដី​បុក និង ម្ទេសហាន់​សម្រាប់លាយទឹកប្រហុក។

វិធីធ្វើ ទឹកប្រហុក៖
គ្រឿងផ្សំ ៖
ប្រហុកត្រី រ៉ស់ (ប្រហុកសាច់) ១ គក
ប្រហុកត្រីកំភ្លាញ ១ គក
ទឹកដោះគោខាប់ ១ កំប៉ុង
ស្ករស
ប៊ីចេង
ក្រូចឆ្មារ ឬ ទឹកខ្មេះ
គល់ស្លឹកគ្រៃហាន់
ម្ទេស
សណ្ដែកដីបុក
វិធីធ្វើ ៖
ប្រហុកត្រីរ៉ស់ចិញ្ច្រាំ ឬ កិនឲ្យម៉ដ្ឋល្អ ។
ប្រហុកត្រីកំភ្លាញ ស្ងោរយកទឹក (ហាមកូរ ប្រយ័ត្នជូរ)
យកគ្រឿងផ្សំទាំង២មុខខាងលើ លាយចូលគ្នាឲ្យសព្វ រួចចាក់ទឹកដោះគោខាប់ចូលកូរឲ្យសព្វ ដើម្បីឲ្យ​វាឡើងពណ៌ស ។ ថែម ស្ករ ប៊ីចេង ហើយភ្លក់មើលឲ្យល្មម ។
ត្រៀម ស្ករស ប៊ីចេង ក្រូចឆ្មារ គល់ស្លឹកគ្រៃហាន់ ម្ទេស និង សណ្ដែកដីបុក សម្រាប់ថែមតាមក្រោយ។

តិណទេស នឹង គ្រឿងទេស

ដោយសារប្រទេសកម្ពុជាស្ថិតក្នុងតំបន់ត្រូពិក អាកាសធាតុអំណោយផលល្អ បានធ្វើអោយទឹកដីមក្ពុជា ដុះពេញដោយរុក្ខជាតិជាច្រើនប្រភេទ ជាពិសេសតិណទេស និង គ្រឿងទេស ដែលអាចប្រើប្រាស់​និង​ទទួលទានទាំងស្រស់ៗ ប្រកបដោយឱជារស ។ តិណទេស គឺជារុក្ខជាតិដែលប្រើជាគ្រឿងសម្ល ឬ ជាឱសថ, វាមានក្លិនក្រអូប ឬ ប្រហើរ មិនថាពពួករុក្ខជាតិហូបស្លឹក ឬមើម នោះទេ បើនិយាយអោយចំ គឺស្រឡាយ ជី ។ ចំណែកគ្រឿងទេស គឺរុក្ខជាតិដែលមានក្លិន​នឹង រសជាតិខ្លាំង មិនថាត្រួយ ស្លឹក ឬ ផ្លែនោះទេ គេហៅថា គ្រឿងទេស បើប្រើទាំងស្រស់គេហៅថា របោយ តែបើធ្វើអោយក្រៀម សម្រាប់​ប្រើក្នុងសម្ល គេហៅថា គ្រឿងផ្សំវិញ ។
ខាងក្រោមនេះគឺជា តិណទេស នឹង គ្រឿងទេស មួយចំនួនតែប៉ុណ្ណោះ មិនមែនទាំងអស់នោះទេ ។ តិណទេស នឹង គ្រឿងទេស សរុបទៅមានច្រើនមុខ និង ប្រភេទណាស់ ។

ស្លឹកគ្រៃ Lemon grass
រំដេង Galangal
ខ្ញី Ginger
ខ្ជាយ Rhizome/Fingerroot
រមៀត Turmeric
ក្រូចសើច Kaffir Lime
ខ្ទឹមស Garlic
ខ្ទឹមក្រហម Shallot
ដើមខ្ទឹម Scallion/Spring onion
ខ្ទឹមបារាំង Onion
ផ្លែអំពិល Tamarind
ក្រវាញ Cardamon
ចាន់ការី Star Anise
ផ្កាក្លាំពូ Cloves
ដើមអុបឈើយ (​ឈើក្រអូប​) Cinnamon
ចន្ទន៍ក្រស្នា Nutmeg
វ៉ាន់ស៊ុយ Cilatro
វ៉ាន់ស៊ុយ ឬ ជីបន្លា Coriander
ម្អម ឬ ម្អមស្រែ Caraway / Ricepaddy Herb
គ្រាប់ម្អម (​ខាំមីន​) Cumin
ម្ទេស Pepper/Chilli
ជីក្រហម ឬ ជីនាងវង Sweet basil

សិល្បៈនៃការចម្អិនម្ហូបខ្មែរ

គ្រឿងផ្សំ
មុន ស.វ ទី១៦ ម្ទេស គឺជាគ្រឿងទេសមួយប្រភេទ ដែលក្នុងទ្វីបអាស៊ីទាំងមូលមិនដែលស្គាល់ ហើយក៏គ្មានដំណាំប្រភេទនេះដែរ រហូតទាល់តែការមកដល់របស់ពួក ព័រទុយហ្គាល់ (Portuguese) ។ ម្ទេសទទួលបានភាពល្បីល្បាញ និង ពេញនិយមជាខ្លាំង​នឹង ជាច្រើនឆ្នាំមុនពេលវាត្រូវបាននាំមក​កាន់​ប្រទេស កម្ពុជា ។
អំពិល បច្ចុប្បន្នកាលនេះ គេតែងតែឃើញវត្តមានរបស់វាក្នុងសម្ល ដែលជាមូលដ្ឋាននៃស៊ុប គឺជាគ្រឿងផ្សំក្នុងម្ហូបបែបជូរ ដូចជាសម្លម្ជូរជាដើម ។ ចាន់ការី គឺជាគ្រឿងផ្សំដែលចាំបាច់ត្រូវតែមាន នៅពេលកូរ​ស្ករតាំងម៉ែដើម្បីកម្លោចសាច់ជ្រូក ធ្វើផាក់ឡូវ ជាដើម ។
រមៀត, រំដេង, ខ្ញី, ស្លឹកគ្រៃ, នឹងស្លឹកក្រូចសើច គឺជាគ្រឿងផ្សំយ៉ាងសំខាន់ផ្នុងការចម្អិនម្ហូបអាហារខ្មែរ ស្ទើរតែគ្រប់មុខម្ហូប ដូចជា ស្ងោរ, រម្ងាស់, និងសម្លមានទឹកច្រើន ។
គ្រឿង
ដោយទទួលរងឥទ្ធិពលសាសនា នឹង អារ្យធម៌ពី ឥណ្ឌា ព្រមទាំងទទួលរងការលុកលុយពីពួកសាសន៍ ជ្វា (Java) មួយរយៈពេលដែរនោះ ប្រជាជនកម្ពុជា ត្រូវបានបង្រៀនឲ្យចេះលាយបញ្ចូលគ្នានូវ គ្រឿងទេស ដោយប្រើគ្រឿងផ្សំជាច្រើនមុខចូលគ្នា ដូចជា៖ ក្រវាញ, ចាន់ការី, ផ្កាក្លាំពូ, ដើមអុបឈើយ, ចន្ទន៍ក្រស្នា, ខ្ញី, ហើយនឹងរមៀត ។ ក្រៅពីនេះ ជនជាតិខ្មែរ បានបន្ថែមនូវគ្រឿងផ្សំក្នុងស្រុកមួយចំនួន ទៀតដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ឡើង ដូចជា៖ ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ជីវ៉ាន់ស៊ុយ ហើយនឹង ស្លឹកក្រូចសើច ថែមទៅលើគ្រឿងទាំងអស់ខាងលើដែល ជ្វា បង្រៀនលាយបញ្ចូលគ្នា ដែលត្រូវបានគេហៅថា គ្រឿង ។ គ្រឿងផ្សំទាំងនេះមានក្លិនក្រអូប ឈ្ងុយ ប្រហើរ ដែលកំពុងប្រើ​ប្រាស់ជាទូទៅក្នុការចម្អិនម្ហូបខ្មែរ ។

អាថ៌កំបាំងនៃគ្រឿងសម្លខ្មែរ
គ្រឿង គឺជាការលាយបញ្ចូលគ្នានូវ តិណទេស នឹង គ្រឿងទេស, គឺជាមូលដ្ឋាននៃការចម្អិនអាហារ​របស់ ជានជាតិខ្មែរ ។ នេះជាអ្វីដែលបានផ្ដល់នូវរសជាតិ នឹង ក្លិនប្រហើរដល់ម្ហូបអាហារ ។ រសជាតិ នឹង ក្លិន នៃគ្រឿងរបស់ម្ហូបខ្មែរ មានឥទ្ធិពលជាងប្រទេសជិតខាងមួយចំនួន ។
គ្រឿងផ្សំរបស់ខ្មែរ ដែលជាមូលដ្ឋាននៃគ្រឿងសម្លគឺ៖ ស្លឹកគ្រៃ, រំដេង, ខ្ជាយ, រមៀត, សំបកក្រូចសើច, ខ្ទឹមស និង ក្រហម ។ ទាំងនេះគឺជា តិណទេស ៧យ៉ាង ដែលជាមូលដ្ឋានផ្សំរបស់ម្ហូបខ្មែរ ។

សិល្បៈនៃការចម្អិនម្ហូបខ្មែរ
ចំណុចសំខាន់ ឬ បេះដូងរបស់គ្រឿងដែលធ្វើតាមរូបមន្តដ៏ត្រឹមត្រូវនោះ វាមិនគ្រាន់តែផ្ដោតលើ​ភាពស្រស់ញញឹមរបស់ តិណទេស គ្រឿងទេស, គ្រឿងផ្សំទាំងឡាយ, និងបរិមាណនៃការប្រើប្រាស់​វានោះទេ ។ ចំណុចដែលសំខាន់ជាងគេនោះ គឺជាសិល្បៈនៃការចិត កាត់ នឹងហាន់អោយបានល្អ ដើម្បី​ធ្វើអោយគ្រឿងផ្សំទាំងអស់ក្លាយជាគ្រឿងសម្លដែលម៉ដ្ឋល្អ ដោយបុកដោយត្បាល់ ។ ការបុកគ្រឿង គឺត្រូវបុកគ្រឿងទេសណាដែលស្វិតជាងគេជាមុន ដែលវាត្រូវការពេលយូរដើម្បីបុកអោយម៉ដ្ឋ ។ ចំណុចដែលលំបាកជាគេគឺប្រភេទ ស្លឹក ។ ប្រភេទត្បាល់ និងទម្ងន់ដែលបុកក៏សំខាន់ណាស់ដែរ ។

ពណ៌ទាំង ៣ របស់គ្រឿង
តើអ្នកទាំងអស់គ្នាគិតថា ពណ៌ខុសៗគ្នានៃគ្រឿង វាមិនប៉ះពាល់ដល់រសជាតិ ឬ រសជាតិមិនខុសគ្នា ទេរឺ? មិនមែនទេ! គ្រឿងដែលមានពណ៌ខុសគ្នា គឺខុសទាំងរសជាតិយ៉ាងពិតប្រាកដ ។
គ្រឿងសម្ល ឬ ការី (ការី មានន័យថាសម្ល ឬ ទឹកជ្រលក់, ភាសាតាមិលៈ Kari មានប្រភពនៅ ឥណ្ឌា) វាមាន៣ ពណ៌ គឺ ក្រហម, ខៀវ (បៃតង), នឹង លឿង ។ ហើយពណ៌ដែលបានមកនេះ គឺអាស្រ័យលើ ការផ្សំដូចជា ម្ទេស, កាពិ ឬ ប្រហុកជាដើម ។
គ្រឿងក្រហមវាទទួលពណ៌ពីម្ទេស គ្រឿងខៀវទទួលពណ៌ពីការប្រើស្លឹកជំនួសដើម នឹង គ្រឿងលឿង ទទួលពណ៌ពីការប្រើដើមផ្នែកគល់ ដូចជាគល់ស្លឹកគ្រៃជាដើម ។

អ្វីទៅដែលធ្វើអោយម្ហូបខែ្មរប្លែកពីគេ?
តាមឯកសារនានា នឹងការស្រាវជ្រាវរបស់ខ្ញុំ (ឆឹង វណ្ណៈ), សិល្បៈនៃការចម្អិនម្ហូបខ្មែរ បានទាញយក​រសជាតិរបស់វាពី គ្រឿងទេស នឹង តិណទេស ដែលមានរសជាតិនឹងក្លឹនក្រអូបប្រហើរ ការប្រើជាតិ​ខ្លាញ់តិចបំផុត រួមជាមួយសាច់ស្រស់ៗល្អ ។ សិល្បៈនៃការចម្អិនម្ហូបខ្មែរ គឺជាការរួមបញ្ចូលគ្នានៃ មិស្សភាគ ជាច្រើន នឹងភាពប៉ិនប្រសព្វយ៉ាងរស់រវើករបស់អ្នកចម្អិន បាននាំមកនូវរសជាតិយ៉ាង​ពិសេស ដែលជាមូលវាចារសម្រាប់វាយនភាព ។

ឥឡូវនេះ ម្ហូបខ្មែរ ទទួលបានភាពល្បីល្បាញ នឹង ការចាប់អារម្មណ៍ពីប្រទេសជាច្រើនលើលោក​យើង​នេះ បន្ទាប់ពីប្រទេសកម្ពុជាទទួលរងការបំផ្លិចបំផ្លាញពីរបប ខ្មែរក្រហម ដែលធ្វើអោយកម្ពុជាបាត់បង់ គ្រប់បែបយ៉ាង ដែលធ្វើអោយបរទេសមិនស្គាល់តម្លៃ និង វប្បធម៌ អារ្យធម៌ របស់ កម្ពុជា ។

អនុភាព ឬ ឥទ្ធិពល
តាមបច្ចេកទេសរបស់ជនជាតិ ចិន, របៀប ឆា ចៀន ដុត-ខ្វៃ-អាំង ជាដើម គឺត្រូវបានទទួលយកមក​ប្រើប្រាស់យ៉ាងទូលាយក្នុងការចម្អិនអាហារខ្មែរ ។ ជាងនេះទៅទៀត ការប្រើទឹកស៊ីអ៊ីវ ទឹកត្រី សៀង សណ្ដែកបណ្ដុះ នឹងគ្រឿងផ្សំរសទាំង ៥ របស់ចិន ក៏កំពុងបានប្រើប្រាស់ផងដែរ ។
អ្វីដែលប្លែកពីគេ និង មានតែមួយរបស់កម្ពុជា គឺ ប្រហុក ដែលជាគ្រឿងផ្សំដែលធ្វើឡើងពីត្រី ដែលគេ​និយមប្រើជាងទឹកត្រី នាំអោយមានរសជាតិយ៉ាងអស្ចារ្យ ឆ្ងាញ់យ៉ាងពិសេស ហេតុនេះហើយទើបគេ អាចសំគាល់បានថា គ្រប់ម្ហូបអាហារដែលមានក្លិន នឹងជាតិប្រហុកគឺជាអាហាររបស់កម្ពុជាយ៉ាងពិត​ប្រាកដ ។

សិល្បៈចម្អិនអាហារខ្មែរ គឺប្រើខ្លាញ់តិចបំផុត ជាមួយការប្រើបន្លែស្រស់ៗជាច្រើន, ផ្លែឈើ, និងគ្រឿង​សមុទ្រស្រស់ៗ ។ ទាំងនេះបានធ្វើអោយវាក្លាយជាម្ហូបអាហារដែលប្រកបដោយសុខភាពល្អ លំដាប់​ពិភពលោក ជាអាហារដែលមានតុល្យភាព និង ចាប់អារម្មណ៍បំផុត ។ នេះជាអនុភាព ឬ ឥទ្ធិពលរបស់​អាហារខ្មែរ ។